top of page
Writer's picturegreenladycambodia

ពួកយើងត្រូវតែនាំគ្នាផ្លាស់ប្តូរការគិតពីរឿងព្រហ្មចារីយហ្នឹង!


បំណងប្រាថ្នា​ដែលបុរសៗភាគច្រើនត្រូវការ បើតាមការសង្កេតរបស់ខ្ញុំ គឺថារៀបការជាមួយនារីព្រហ្មចារីយ៍។ សម្រាប់ពួកគាត់ ការដែលមានប្រពន្ធដែលនៅបរិសុទ្ធ និងនៅមានព្រហ្មចារីយ៍សម្រាប់គ្រែមង្គលការគឺសង្គមចាត់ទុកពួកគាត់ជាមនុស្សត្រឹមត្រូវ និងមានតម្លៃខ្ពស់ និយាយអោយចំគឺដូចត្រូវឆ្នោត។

មេ្តចបានដឹង? ខ្ញុំក៏ធ្លាប់មានទំនាក់ទំនងស្នេហាដែរ ពេលស្រលាញ់គ្នាពួកយើងបើកចិត្តទូលាយពីក្តីសង្ឃឹមទៅថ្ងៃមុខ ក្តីស្រមៃ និងអ្វីដែលពួកយើងរំពឹងទុក។​ តែមានរឿងមួយគាត់លើកឡើងជារឿយៗ គឺរឿងក្រមុំព្រហ្មចារីយ៍។ នៅពេលដែលខ្ញុំលឺសម្តីទាំងនេះ ខ្ញុំឆ្ងល់ និងខកចិត្ត ហើយខ្ញុំក៏ដឹងដែលថាផ្នត់គំនិតបែបនេះគឺអវិជ្ជមាន ហើយខ្ញុំត្រូវតែនិយាយពីវា។

ស្ត្រីមិនមែនជារង្វាន់សម្រាប់ឈ្នះទេ!

ក្នុងវប្បធម៌ខ្មែរ មានពាក្យចាស់មួយពោលថា មានកូនស្រីដូចមានប្រហុកមួយពាងក្នុងផ្ទះ។ ក្នុងចង្ក្រានបាយខ្មែរយើង ប្រហុកជារឿយៗត្រូវបានប្រើប្រាស់សម្រាប់ធ្វើម្ហូប និងមានក្លិនអាក្រក់។ ពាក្យចាស់មួយឃ្លានេះ សំដៅទៅដល់រឿងរ៉ាវ ឬសកម្មភាពនៃកូនស្រីក្នុងគ្រួសារមួយ អាចជ្រាបទៅកាន់ភូមិទាំងមូលដូចក្លិននៃត្រីប្រហុកចឹងដែរ។ វាជាក្លិនសាយភាយដែលអ្នកមិនអាចលាក់បាំងបាន។ ឃ្លានេះជារឿយៗត្រូវបានប្រើប្រាស់ នៅពេលដែលស្ត្រី ឬក្មេងស្រីប្រពឹ្រត្តអ្វីមួយដែលផ្ទុយទៅនឹងបទដ្ឋានសង្គម ដូចជាការរួមភេទដោយមិនបានរៀបការ ដែលអាចនាំក្តីអាម៉ាសមកឱ្យគ្រួសារ។

គំនិតចាស់គំរិល និងជំនឿទាំងអស់នេះ​ គ្រោះថ្នាក់ខ្លាំងណាស់។ ពួកយើងត្រូវតែធ្វើការផ្លាស់ប្តូរបទដ្ឋានសង្គមក្នុងគ្រួសាររបស់យើង ក្នុងចំណោមបុរស និងក្មេងប្រុស ក៏ដូចជាក្នុងសង្គមនេះ​។​

នៅតាមបណ្តាប្រទេសនៅអាស៊ីនៅតែបន្តប្រកាន់យកនូវបទដ្ឋានសង្គមហួសសម័យនេះ ហើយរឹតត្បិតសិទ្ធិ និងជម្រើសរបស់មនុស្សស្រី។ កាលពីមុនចាស់ៗថាបើសិនកូនស្រីមិនមកផ្ទះពេញមួយយប់ សន្និដ្ឋានថាបាត់បង់ព្រហ្មចារីយ៍ដោយមិនសួរនាំហេតុផលអ្វីទាំងអស់។ ករណីមួយចំនួនទៀតដែលកើតឡើង នៅពេលដែលស្ត្រីត្រូវបានបង្ខំអោយរៀបចំជាមួយជនដែលចាប់រំលោភគាត់ព្រោះតែក្តីអាម៉ាស់ដែលកើតឡើង។

ខ្ញុំសូមបញ្ជាក់អោយច្បាស់ថា ខ្ញុំនិងបងប្អូនស្រីខ្ញុំ មិនមែនជាត្រីប្រហុកដែលត្រូវទទួលរងក្តីអាម៉ាស់ ឬទេពអប្សរព្រហ្មចារីយ៍សម្រាប់បំពេញចំណង់អ្នកណាម្នាក់ទេ ហើយក៏មិនមែនជាគ្រឿងផ្សំដែលស្អុយ ឬរង្វាន់លាភសំណាងសម្រាប់ផ្ទះរបស់អ្នកដែរ។

គ្មានអ្វីខុសទេក្នុងការដែលនរណាម្នាក់ជ្រើសរើសថារួមភេទមុនឬក្រោយរៀបការ! វាជាជម្រើសរបស់គាត់! ហើយពួកយើងត្រូវគោរពនូវការសម្រេចចិត្តនោះ។​ បញ្ហារបស់ខ្ញុំ គឺថាបុរសដែលស្វែងរកតែនារីដែលនៅបរិសុទ្ធមកធ្វើជាដៃគូរបស់គាត់។ ហេតុអ្វីអ្នកស្វែងរកនារីខាងក្រៅក្នុងការរួមភេទ ប៉ុន្តែត្រូវតែរៀបការជាមួយនារីបរិសុទ្ធដែលមិនធ្លាប់រួមភេទពីមុនមក?

ពាក្យថា ព្រហ្មចារីយ៍ ធ្វើអោយមនុស្សស្រីខ្លាច។ វាគាបសង្កត់មនុស្សស្រីនៅកម្រិតមួយ។ គេនឹងអាចគេសួរថានៅព្រហ្មចារីយ៍អត់? ហើយពួកយើងនឹងត្រូវបានគេវាយតម្លៃសម្រាប់ចម្លើយរបស់យើង។ ស្ត្រីជារឿយៗមានអារម្មណ៍ថា ពួកគាត់ត្រូវតែនិយាយថាពួកគាត់នៅបរិសុទ្ធដើម្បីឱ្យធូរចិត្ត ដើម្បីមានតម្លៃក្នុងភ្នែកគេ ដើម្បីអោយគេទទួលស្គាល់ក្នុងសង្គម ហើយមានមោទនភាពដែលខ្លួនឯងនៅបរិសុទ្ធ។ តែ​ភ្លេចហើយទេថា ឆ្លើយមិនឆ្លើយ គឺជារឿង និងសិទ្ធិរបស់យើង អត់មានអ្វីដែលយើងត្រូវតែឆ្លើយ ហើយខ្លាចនោះទេ។​ ពួកយើងមានសិទ្ធិក្នុងការជ្រើសរើសថាតើពួកយើងគួរចែករំលែកពីបទពិសោធន៍នៃការរួមភេទឬអត់។ យើងមានសិទ្ធិក្នុងការមិនឆ្លើយសំនួរដែលនឹងបង្ហាញពីស្ថានភាពរបស់យើង។

ដូចនេះហើយ តើយើងគួរធ្វើអ្វីខ្លះ? យើងអាចចាប់ផ្តើមឡើងជាមួយកិច្ចសន្ទនា។ ឈប់រំពឹងទុកថា ស្ត្រីដែលមិនទាន់រៀបការទាំងអស់ត្រូវតែបរិសុទ្ធទៅ។

សម្រាប់បុរសៗ នៅពេលដែលអ្នកជួបជុំ និងជជែកជាមួយគ្នា សូមពិចារណាអោយបានល្អិតល្អន់។ ពាក្យសម្តីរបស់អ្នកមានឥទ្ធិពល និងអាចពង្រឹងផ្នត់គំនិតចាស់គំរិលទាំងអស់នេះបាន។ ពិចារណាម្តងទៀតមុននឹងអ្នកនិយាយពាក្យមិនល្អអំពីបញ្ហាផ្លូវភេទរបស់ស្រ្តី គួរយល់ដឹងពីសម្ពាធពីសង្គមមកលើស្រ្តី ត្រូវប្រាកដប្រជា និងបញ្ចេញសំឡេងរបស់អ្នកមិនគាំទ្រការយល់ឃើញរវើរវាយទាក់ទងនឹងព្រហ្មចារីយ៍ ក្នុងចំណោមមិត្តភក្តិបុរស និងក្រុមគ្រួសាររបស់អ្នក។

ពួកយើងទាំងអស់គ្នាជាសហគមន៍មួយ មិនខ្វល់ថាមានអ្នកមានភេទអ្វីក៏ដោយ។ ពួកយើងត្រូវតែបើកទូលាយដើម្បីនិយាយអំពីផ្លូវភេទ។ ខ្ញុំដឹងថាវាស្តាប់ទៅចម្លែក ប៉ុន្តែវាដល់ពេលហើយ។

សម្លេងខ្ញុំគឺជាសម្លេងមួយបន្ថែមលើសំឡេងអ្នកមុនៗដែលលើកយករឿងនេះមកនិយាយ។

33 views0 comments

Commentaires


bottom of page