សុខភាពបន្តពូជរបស់ស្ត្រីជារឿងដ៏សំខាន់ ដែលទាមទារការយកចិត្តទុកដាក់ដិតដល់។ ប្រសិនបើនិយាយពី ធ្លាក់ស ស្ត្រីៗមួយចំនួនប្រាកដជាបានស្គាល់យ៉ាងជាក់ប្រាកដណាស់ថាវាជារឿងធម្មតារបស់ស្ត្រី ក៏ប៉ុន្តែពាក្យ ធ្លាក់ស នេះ នៅតែមានមជ្ឈដ្ឋានខ្លះ ស្គាល់តែក្នុងន័យជម្ងឺ ក្នុងន័យជម្ងឺដែលជាភាពមិនប្រក្រតីនៃសុខភាពបន្តពូជរបស់ស្ត្រី។
ដូច្នេះហើយទើប Green Lady មានគំនិតសរសេរលើបណ្តាញសង្គមឱ្យមិត្តនារីៗ បងៗ និងប្អូនៗ ក៏ដូចជាបងប្អូនទូទៅតែម្តងបានដឹងជាចំណេះដឹងទូទៅ។ ជាពិសេសគឺបានពន្យល់ទៅក្មេងៗស្រីៗដែលនេះចាត់ទុកថាជារឿងសំខាន់ណាស់សម្រាប់ឱ្យពួកគាត់បានដឹង។ សូមអ្នកម្តាយ បងស្រី ម្តាយមីងលោកយាយ ឬបងប្អូនគ្រួសារ អាចពន្យល់ នឹងបើកនិយាយ ពន្យល់ក្មេងស្រីៗឱ្យបានយល់ ដើម្បីការយល់ដឹង និងសុខភាពពួកគាត់ផ្ទាល់។
យើងអាចបែងចែកការធ្លាក់សជាពីរប្រភេទ គឺការធ្លាក់សប្រក្រតី និង ការធ្លាក់សមិនប្រក្រតី (ដែលអាចសម្គាល់បានតាមក្លិន និងពណ៍ខុសពីធម្មតា)។ មុននឹងឈានដល់ការសម្គាល់លក្ខណៈសទាំងពីរប្រភេទ យើងគប្បីយល់ថាអ្វីទៅជា"ស" ដែលជាភាសាអង់គ្លេស “vaginal discharge”។
ធ្លាក់ស ជាសារធាតុរំអិលដែលចេញតាមទ្វារមាស ក្មេងស្រីចាប់ផ្តើមមាន ៦ខែ ឬ១ឆ្នាំ មុនក្មេងស្រីមករដូវដំបូង។ ខ្លួនប្រាណរបស់យើង និងបន្តផលិត "ស" នេះចាប់ពីពេលមានរដូវមករហូតដល់ពេលស្ត្រីអស់រដូវ (menopause)ដែលពេលនោះសត្រូវបានផលិតតិចជាងមុន។ "ស" គឺជាល្បាយនៃកោសិកាងាប់ខាងក្នុងទ្វារមាស បាក់តេរីមានប្រយោជន៍ និងទឹករអិលស្បូនដែលត្រូវការចេញមកក្រៅជាដំណើរ ធម្មជាតិរបស់ស្រ្តី។ វាអាចមានសណ្ឋាន ពណ៍ និង ក្លិនខុសគ្នា ហើយអាចឱ្យយើងដឹងពីសុខភាព នឹងដំណើរវដ្តរដូវរបស់យើង។
រូបទាំង៤នេះបង្ហាញពីសណ្ឋានប្រក្រតីរបស់ទឹករអិល ឬ ស។ រូបទី១ វាមានពណ៌ស នឹងរាងស្អិតៗខ្លាំងពេលដែលមុនពេលមករដូវ។ រូបទី២ ពណ៌សលឿងតិចៗខាប់បន្ទាប់ពីពេលពងទុំ។ រូបទី៣ រាវដូចទឹកបន្ទាប់ពីធ្លាក់ឈាមរដូវ។ រូបទី៤ អន្លាយថ្លាពេលពងទុំ។
មុខងាររបស់"ស"គឺ ជួយផ្ដល់សំណើម សម្អាតទ្វារមាស និង ការពារការឆ្លងមេរោគផ្សេងៗ។ "ស"ធម្មតាអាចមានលក្ខណៈខាប់តិចៗ ស្អិត អន្ធិលៗ និង ថ្លា ឬ ពណ៍ស ឬ សស្រអាប់បន្តិច (off-white)។ ការប្រែប្រួលបរិមាណ និងសភាព ជារឿងធម្មតាទៅតាមពេលវេលាជាក់លាក់នៃវដ្តរដូវរបស់ស្ត្រី។ "ស"អាចមានបរិមាណច្រើនជាងធម្មតានៅពេល អូវុល (ពង)ទុំ (ovulation) ពេលមានអារម្មណ៍ផ្លូវភេទ ពេលបំបៅដោះកូនជាដើម ហើយក៏អាចមានក្លិនប្លែកពេលស្រ្តីមានផ្ទៃពោះផងដែរ។
ការធ្លាក់សមិនប្រក្រតី
ការធ្លាក់សជារឿងធម្មតា ក៏ប៉ុន្តែករណីមួយចំនួនដែល"ស"បញ្ជាក់ពីបញ្ហាសុខភាពមិនប្រក្រតី ហើយតម្រូវអោយមានការកត់សម្គាល់ដោយខ្លួនឯង៖
១. ការប្រែប្រួលក្លិនខុសពីធម្មតា (ក្លិនអាក្រក់ ក្លិនឆ្អាបប្លែក)
២. ការប្រែប្រួលពណ៍ខុសពីធម្មតា (ជាពិសេសពណ៍បៃតង ប្រផេះ ឬ មានពណ៍ដូចខ្ទុះ)
៣. ការប្រែប្រួលពណ៍សភាព(texture)ខុសពីធម្មតា (មានពពុះ ឬ ខាប់អន្ធិលស្អិតដូចហ្រ្វូម៉ា cottage cheese)
៤. ទ្វារមាសមានការរមាស់ ក្រហាយ ហើម ឬ ឡើងក្រហម
៥. មានការធ្លាក់ឈាម ធ្លាក់សលាយឈាមតិចៗ (spotting) (ខុសពីកំឡុងពេលមានរដូវ ក្រោយអស់រដូវបន្តិច ឬ ក្រោយពេលសម្រាលកូនហើយ)។
មូលហេតុដែលបណ្ដាលអោយមានការធ្លាក់សមិនប្រក្រតី
១. ការកើតរោគផ្សិត (yeast infection/candidiasis)
ការកើតរោគផ្សិតជាការឆ្លងរោគនៅទ្វារមាសដែលកើតមានញឹកញាប់។ មេរោគផ្សិតដែលបង្ករោគគឺពួកផ្សិត candidaដែល 90% នៃករណីគឺបង្កដោយ candida albicans។ ទ្វារមាសរបស់ស្រ្តីមានបាក់តេរី និង ផ្សិតមានប្រយោជន៍ខ្លះដែលមានតូនាទីថែរក្សាទ្វារមាសឱ្យមានសុខភាពល្អ។ វត្តមានផ្សិត candida នៅទ្វារមាសជារឿងធម្មតា។ បាក់តេរីមានប្រយោជន៍ដ៏សំខាន់របស់ទ្វារមាសឈ្មោះថា lactobaccillis ជាអ្នកធានាថាផ្សិត candida មិនបង្កើតកូនចៅលើសកម្រិត ប៉ុន្តែកាលណាមានអតុល្យភាពរវាងបាក់តេរីមានប្រយោជន៍ និងបាក់តេរីបង្កជម្ងឺ បាក់តេរីបង្កជម្ងឺអាចបង្កើនចំនួនដែលបង្កអោយទ្វារមាសមានការរមាស់ ក្រហាយ ហើម ឬ ឡើងក្រហម។
រោគផ្សិតនេះ (yeast infection) មិនមែនជាជម្ងឺដែលឆ្លងតាមការរួមភេទទេ ទោះបីជាការរួមភេទអាចបណ្តាលអោយជម្ងឺរីករាលដាលបាន។ ស្រ្តីដែលមិនធ្លាប់រួមភេទក៏អាចកើតមានជម្ងឺនេះបានដែរ។
អ្នកអាចសង្ស័យថាអ្នកកើតមេរោគផ្សិតនេះ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម៖
មានធ្លាក់សដែលមាន ពណ៏សប្រផេះ សភាពខាប់ស្អិតដូចហ្រ្វូម៉ា(cottage cheese) ឬ សភាពរាវដូចទឹកហើយគ្មានក្លិន។ទ្វារមាសមានការរមាស់ ក្រហាយ ហើម ឬ ឡើងក្រហមមានការឈឺចាប់នៅទ្វារមាស ឡើងកន្ទួលក្រហមនៅទ្វារមាសមានអការៈក្រហាយ នៅពេលបត់ជើងតូច ឬ ពេលរួមភេទ ល។
មូលហេតុដែលបណ្ដាលអោយកើតមានរោគផ្សិតនេះមានដូចជា៖
ស្រ្តីដែលមានផ្ទៃពោះ ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតប្រភេទអរម៉ូនកំពុងប្រើប្រាស់ ឬ មានប្រើប្រាស់ឱសថប្រឆាំងបាក់តេរី antibiotics (ប្រជាជនខ្មែរនិយមហៅថា ថ្នាំផ្សះ) ក្នុងពេលថ្មីៗមានជម្ងឺទឹកនោមផ្អែមមានប្រពន្ធ័ការពាររាងកាយចុះខ្សោយ (ករណីមានផ្ទុកមេរោគអេដស៍ ឬ ប្រើប្រាស់ឱសថដែលធ្វើអោយប្រពន្ធ័ការពាររាងកាយចុះខ្សោយដូចជា steroids និងការព្យាបាលជម្ងឺមហារីក chemotherapy។
ការព្យាបាល៖ ប្រសិនបើអ្នកសង្ស័យថាអ្នកកើតជម្ងឺផ្សិត និងមានអាការៈដូចរៀបរាប់លើសពី៣ថ្ងៃអ្នកគួរទៅជួបគ្រូពេទ្យជំនាញ។ សូមកុំមានការខ្មាសអៀន អ្នកគួរយកឈ្នះភាពខ្មាសអៀននេះដើម្បីសុខភាពអ្នក ។
ដើម្បីការពារកុំអោយកើតជម្ងឺផ្សិត អ្នកគប្បី៖
បរិភោគអាហារដែលមានតុល្យភាព សម្រាកអោយបានគ្រប់គ្រាន់។ ចៀសវាងអាហារមានប្រភពមិនល្អ អាហារខ្ចប់ទុក ប្រៃ ឬ ផ្អែមជ្រុស មានសារធាតុរក្សាទុក ពណ៌ នឹងសារធាតុគីមីក្លិនផ្សេងៗ។ អ្នកគួរព្យាយាមអស់ពីសមត្ថភាពក្នុងការរកបរិភោគអាហារធម្មជាតិ អ្នកត្រូវចាំថាអ្នកគឺជាអ្វីដែលអ្នកបរិភោគ។អនាម័យខ្លួនប្រាណអោយបានស្អាត (ទាំងកំឡុងពេលមានរដូវ និងពេលធម្មតា) ប៉ុន្តែចៀសវាងការប្រើផលិតផលអនាម័យស្រ្តីច្រើនហួស និងសាប៊ូដែលមានក្លិនក្រអូបជ្រុល។ ក្លិនក្រអូបគឺភាគច្រើនមកពីសារធាតុគីមី។ បើសិនជាអ្នកអាច អ្នកគួរចាប់ផ្តើមប្រើផលិតផលធម្មជាតិជាជាងប្រើផលិតផលមានសារជាតិគីមីច្រើន។ ផលិតផលធម្មជាតិងាយស្រួលរក និងអាចធ្វើដោយខ្លួនឯងបានទៀត។ អ្នកអាចរកវាបាននៅហាងដែលលក់របស់ធម្មជាតិ ដូចជា Eco Life Cambodia, Dai Khmer, or Amazing Cambodia។ប្រើប្រាស់ខោទ្រនាប់ ដែលត្រូវទំហំល្អ មិនមែនរឹបពេក ក្រណាត់អនាម័យស្អាត និងស្ងួតល្អ។មិនស្លៀកពាក់សម្លៀកបំពាក់ដែលតឹងពេក ឬ ស្ថិតក្នុងសម្លៀកបំពាក់ដែលសើមយូរ។ចៀសវាងការប្រើប្រាស់ប្រើប្រាស់ឱសថប្រឆាំងបាក់តេរី antibiotics ខុសពីវេជ្ជបញ្ជា ឬ ប្រើប្រាស់ក្នុងករណីមិនចាំបាច់ (ដោយសារអាចបណ្តាលអោយមានអតុល្យភាពរវាងបាក់តេរីមានប្រយោជន៍និងបាក់តេរីបង្កជម្ងឺ)។
២. ការបង្ករោគដោយបាក់តេរី
ការបង្ករោគដោយបាក់តេរីនៅទ្វារមាសជា បញ្ហាដែលកើតមានឡើងដោយសារកាលណាមានអតុល្យ-ភាពរវាងបាកតេរីមានប្រយោជន៍និងបាក់តេរីបង្កជម្ងឺ ដូចនឹងការបង្ករោគផ្សិតដែរ ប៉ុន្តែខុសគ្នាត្រង់ភ្នាក់ងារបង្ករោគជាបាក់តេរី មិនមែនជាផ្សិត។ បាក់តេរីដែលបង្ករោគក៏មានច្រើនប្រភេទផងដែរ។ ដូចគ្នាទៅនឹង ការបង្ករោគផ្សិតដែរ នេះមិនមែនជាជម្ងឺដែលឆ្លងតាមការរួមភេទ Sexually transmitted diseases (STDs) ទេ។
សរសេរដោយ Tan Muyteang> ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត Ky Sovathana
Comments